Monday, September 5, 2011

ការស្លៀកពាក់និងការតុបតែងខ្លួនជ្រុលនិយមរបស់សិស្សនិស្សិតនាពេលបច្ចុប្បន្ន

យោងតាមទស្សនះរបស់លោកទស្សនវិទូម៉ាស្លូវ បានបង្ហាញឲ្យឃើញថា​ ការស្លៀកពាក់ គឺជាផ្នែក មួយនៃតំរូវការសរីរៈរបស់មនុស្សដ៏មានសារៈសំខាន់ដែលមិនអាចជៀសបាន​ ព្រោះវាគឺជាអាកប្បកិរិយា​ឆ្លុះ បញ្ចាំងពីភាពថ្លៃថ្នូរ និង​ អត្តសញ្ញាណរបស់មនុស្សម្នាក់ៗ និង​ ជាតិនីមួយៗ។ ដោយឡែកប្រជាជនខ្មែរយើង​ និយមស្លៀកពាក់ទៅតាមទំនៀមទំលាប់​​ និង សមស្របទៅតាមកាលៈទេសៈផ្សេងៗ។ ប៉ុន្តែនៅបណ្តាសម័យ​ចុង​​ក្រោយនេះ ដោយសារតែការរីកចំរើននៃសាកលភាវូបនីយកម្ម ការហូរចូលនៃវប្បធម៌បរទេស ជាពិសេស វប្បធម៌នៃការស្លៀកពាក់នេះបានជះឥទ្ធិពលដល់ផ្នត់គំនិតរបស់យុវវ័យខ្មែរយើងទាំងប្រុសទាំងស្រី។ហើយអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងបំផុតនោះគឺការស្លៀកពាក់មិនសមរម្យរបស់សិស្សនិស្សិតខ្មែរយើងនៅតាមបណ្តាគ្រឹះស្ថានអប់រំនានា​ នាពេលបច្ចុប្បន្ន។
ជាការពិតណាស់នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា សិស្សនិស្សិតទាំងប្រុសទាំងស្រីមួយ​ ចំនួនធំបានចាត់ទុកសាលារៀនប្រៀបដូចជាទីកន្លែងសំរាប់បង្ហាញម៉ូតសំលៀកបំពាក់ និង​ ការតុបតែងខ្លួន​ដោយមិនបានគិតថាសាលារៀនគឺជាទីកន្លែងសំរាប់ក្រេបជញ្ជក់យកចំនេះដឹងដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួននោះទេ។​ នៅតាមបណ្តាគ្រឺះស្ថាននានាបានចែងយ៉ាងច្បាស់នូវបទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលតំរូវឲ្យ សិស្សិនិស្សិតទាំងអស់គោរពវិន័យនៃការស្លៀកពាក់ ដោយឲ្យសិស្សនារី​ស្លៀកពាក់អាវស និង សំពត់ខៀវ​មាន​​សំរុង​យ៉ាងហោចណាស់ត្រឺមក្រោមជង្គង់​ ហើយសក់ត្រូវចង និង សិស្សប្រុសត្រូវពាក់អាវស និង​ ខោ ក្រម៉ៅជើងវែង ហើយសក់ត្រូវកាត់ឲ្យខ្លី។ ផ្ទុយទៅវិញ សិស្សនិស្សិតទាំងអស់នោះពុំបានគោរពតាមវិន័យខាង លើនោះទេ ពួកគេបាន​ស្លៀកពាក់​ទៅតាមទំនើងចិត្តរបស់ខ្លួន។ ជាក់ស្តែង សិស្សនិស្សិតនារី​មួយចំនួន ស្លៀកពាក់ខើចលើខើចក្រោម អាវរឹបខ្លួន ជាមួយនឹងសំពត់ខើចខ្លាំងត្រឹមកំភ្លៅ។ រីឯ​​​ បុរសស្លៀកខោសំយ៉េះ ជើងខោហៀរកែង និង​ពាក់អាវចំហឡេវ រហូតដល់យើង​ពិបាកនឺងទទួល​យកបានក្នុងនាមពួកគេជាសិស្ស និស្សិតមួយរូប។ មិនតែបុណ្ណោះ​​ សិស្សនិស្សិតស្រី​ខ្លះដោយ​ហេតុតែចង់ស្អាតខ្លាំង ពួកគេបានផាត់មុខមក​ រៀន ជាមួយនឹងម្សៅក្រាស់។និងក្រែមដិតៗ ព្រមទាំងធ្វើសក់កន្រ្ទើងៗប្រៀបដូចជាចូលរួម​ក្នុងពិធី​ជប់លៀង មួយដូច្នេះដែរ។ ចំនែកឯបុរសវិញ ទុកសក់វែង​​ និង​ ធ្វើសក់បះៗមករៀន ដោយយល់ថានេះជាភាពសង្ហារ​របស់ខ្លួន តែតាមការពិត​រូបរាងបែបនេះមិនខុសពីពួកចោរប្លន់​ដែលគេចាប់បានផ្សាយតាមពត៌មានសន្តិសុខ សង្គមនោះទេ។ មួយវិញទៀតនៅតាម​មហាវិទ្យាល័យឯកជនមួយចំនួនដែលមិនសូវរឹតបន្តឹងខ្លាំង ខាងផ្នែកស្លៀកពាក់នេះ បានជំរុញ​ឲ្យនិស្សិតមានសេរីភាពពេញទី​ក្នុងការស្លៀកពាក់ទៅតាម​ទំនើងចិត្ត ដោយចំលង​តាម​ស្ទីល​​បរទេស​នានា ដូចជា​​ តាមពួកតារាកូរ៉េ និង ពូកតារាបស្ចិមប្រទេស​ជាដើម។ ថ្វីត្បិតតែ មហាវិទ្យាល័យ​ ទាំងនោះមិនបាន​ហាមឃាត់ចំពោះរឿងនេះក៏ដោយ ក៏ប៉ុន្តែក្នុង​នាម​យើង​ជានិស្សិតមួយរូប យើងត្រូវ​ចេះជ្រើសរើសសំលៀកបំពាក់មួយឲ្យសាកសម​ជាអ្នក​មាចំនេះដឹង និង ជាបញ្ញាវ័ន្តមួយរូប​នៅ​ក្នុង​សង្គម​ព្រោះ ថាការស្លៀកពាក់តែផ្តេសតែផ្តាសអាចផ្តល់​ផល​​​អវិជ្ជមានច្រើនចំពោះខ្លួនឯង គ្រួសារ​ សាលារៀននិង សង្គម​ជាតិ។
យ៉ាងណាមិញ ការស្លៀកពាក់ជ្រុលនិយមរបស់សិស្សនិស្សិតបានធ្វើឲ្យខ្លួនឯង ភ្លើតភ្លើន គ្មានពេល វេលាគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់រៀនសូត្រដោយសារតែយកខួរក្បាល​មួយភាគធំទៅគិតពីរូបរាងខាងក្រៅ របស់ខ្លួន​និង គិតថាខ្លួននឹងត្រូវច្នៃម៉ូតអ្វីជាបន្ត​សំរាប់បង្អួត​គេនាថ្ងៃបន្ទាប់។ លើសពីនេះទៅទៀត​​ ការ​ស្លៀកពាក់បែបនេះបានធ្វើឲ្យពួកគេបាត់បង់​អត្តសញ្ញាណ និង សីលធម៌ដ៏ប្រពៃជាសិស្ស​និស្សិតខ្មែរ។ ជាង នេះ​​ទៅ​ទៀពួកគេ​ត្រូវ​ខ្ជះខ្ជាយលុយ​របស់ឳពុក​ម្តាយដែលខំរកមកដោយលំបាក​ ដើម្បីដើរឲ្យទាន់តាមម៉ូត សំលៀកបំពាក់ថ្មីៗ ដែលនេះជារឿងមួយដែលមិនចាំបាច់នឺងធ្វើទាល់តែសោះ។ ជាពិសេស ចំពោះសិស្ស និស្សិតនារីដែលស្លៀកខ្លីៗ ខើចលើ ខើចក្រោម បានធ្វើឲ្យខ្លួនបាត់បង់លក្ខណះជានារីខ្មែរមួយរូប និង​ ធ្វើឲ្យ​បាត់បង់សណ្តាប់ធ្នាប់នៅក្នុងថ្នាក់រៀន និង ក្នុងសាលារៀនមួយភាគធំផងដែរ។ កាន់តែធ្ងន់ធ្ងរជាងនេះទៅ ទៀតនោះ វាក៏បានផ្តល់ផលប៉ះពាល់ទៅដល់ សណ្តាប់ធ្នាប់សង្គមជាតិ ដូចជាការបង្កឲ្យមានជា​ បទល្មើស​ផ្សេង​ៗ និង គ្រោះថ្នាក់នានាដល់បុគ្គលដែលជាអ្នកស្លៀកពាក់ និង អ្នកដទៃ ឧទាហរណ៍ដូចជា៖​ បទល្មើស​ចាប់រំលោភជាដើម។ រីឯ វប្បធម៌ប្រពៃណីនៃការ​ស្លៀកពាក់​ដ៏ល្អផូរផង់របស់ខ្មែរយើងក៏នឹងត្រូវធ្លាក់ ចុះដោយ​សារតែការមិនចេះគិតរបស់​យុវវ័យខ្មែរនាពេលបច្ចុប្បន្ន។ យោងតាមសំដឺរបស់សាស្រ្តាចារ្យនៅតាម​​ គ្រឹះស្ថាន​​អប់រំនានាបានមានប្រសាសន៍ថា៖ ការកើនឡើងនៃចំនួនសិស្សនិស្សិតដែលស្លៀកពាក់មិនសមរម្យ ចូលក្នុងសាលាកើតមានឡើង​ជាបន្តបន្ទាប់ ដោយសារតែការយកតំរាប់តាមគ្នា​និងបក្សពួក។ ពួកគាត់ បានធ្វើការរិះគន់បន្ថែមថា ពួកសិស្សនិស្សិតទាំងអស់នោះតុបតែង​ខ្លួនមិនខុស​ពីពួកក្មេងទំនើងនោះឡើយ។ ពួកគេគួរណាស់​ជាបឋមខិតខំរៀនសូត្រដើម្បីអនាគតរបស់ពួកគេ​ និង អនាគតប្រទេសជាតិជាមុនសិនមិនខ្វះ​ទេពេលវេលាតុបតែងខ្លួននៅពេលដែលពួក​គេទទួល​បានជោគជ័យក្នុងជីវិតរួចហើយ ព្រោះឥឡួវនេះ ប្រទេសជាតិកំពុងតែ​ត្រូវការធនធានមនុស្ស​ពិតប្រាកដដើម្បីការអភិវឌ្ឍប្រទេស។ ជាការត្រឹមត្រូវណាស់​​យុវវ័យយើងគួរគិត​ពីការរៀនសូត្ររបស់ខ្លួនឲ្យខ្លាំងជាងការតុបតែងខ្លួន ព្រោះរូបសម្បត្តិខាងក្រៅមិនស្មើនឹង​វិជ្ជាសម្បត្តិនោះទេ ដូចជាសុភាសិតខ្មែរមួយបានពោលថា​៖ នារីស្អាតដោយសារចរិយា បុរសសង្ហារដោយសារ ចំនេះវិជ្ជា‌។ តាមការពិត គ្មាននរណាម្នាក់​ហាមមិនឲ្យពួកគេ ស្លៀកពាក់តាមចំនង់ចំនូលចិត្តរបស់ខ្លួននោះ ឡើយ តែពួកគេត្រូវចេះយល់ដឺង​ពីការស្លៀកពាក់​ទៅតាមកាលៈទេសៈ​ ដូចជា ចូលរួមក្នុងពិធីជប់លៀងយើង ត្រូវស្លៀក​សំលៀកបំពាក់​អ្វី ដើរកំសាន្តត្រូវស្លៀកសំលៀកបំពាក់ដូចម្តេច ,​ទៅកាន់វត្តអារាមត្រូវស្លៀក​សំលៀកបំពាក់​យ៉ាងណាជាដើម ដូចមានចែងក្នុងសុភាសិតខ្មែរមួយថា៖ចូលស្ទឹងតាមបទ ចូលស្រុក​តាមទេស ដូច្នោះដែរ។ ដើម្បីទប់ស្កាត់នូវការស្លៀកពាក់ជ្រុលនិយមរបស់សិស្ស​និស្សិតក៏ដូចជា​យុវវ័យ​ខ្មែរនាពេលបច្ចុប្បន្ន អាណាព្យាបាល ព្រមទាំងសាស្រ្តារ្យចារ្យនានា គួរដាក់វិធាន­ការណ៍ណែ​នាំពួកគេក្នុង​ន័យម៉ឺងម៉ាត់តែតាមវិធីត្រជាក់ ជៀសវាងនាំមកនូវភាពអាម៉ាស់ដល់ពួកគេ។​ ហើយសិស្សនិស្សិតខ្លួនឯង​ផ្ទាល់​​ក៏គួរតែមាន​ស្មារតីភ្ញាក់រលឺកនូវទង្វើរបស់ខ្លួនដោយខ្លួនឯងផងដែរ។
ជាចុងក្រោយនេះយុវវ័យខ្មែរជាពិសេស​ សិស្សនិស្សិតខ្មែរទាំងឡាយ​ដែលមានទំលាប់​ស្លៀកពាក់​​​មិន​សមរម្យ គួរគប្បីពិចារណានិង​ កែសំរួលឡើងវិញ​ នូវទំលាប់ស្លៀកពាក់​ទាំងអស់នោះ ដើម្បីផលវិជ្ជមានចំពោះ​ខ្លួនឯង​​​ គ្រួសារ​ និង​​ ប្រទេសជាតិ។​​ យើងគួរចងចាំថាការស្លៀកពាក់​បានត្រឹមត្រូវបង្ហាញពីភាពថ្លៃថ្នូរ លើក​កំពស់​​កេរ្តិ៍ឈ្មោះ និង​ តំលៃរបស់ខ្លួនយើង អ្នកជុំវិញខ្លួន​ ព្រមទាំងវប្បធម៌ជាតិ​មួយកំរិតថែមទៀតផងដែរ។យកម្ម វប្បធម៌បរទេសនីមួយៗ។ ដោយឡែកប្រជាជនខ្មែរយើង​ និយមស្លៀកពាក់ទៅតាមទំនៀមទំលាប់​​

No comments:

Post a Comment